Thursday, November 23, 2017

រឿង អាឡេវ

រឿង អាឡេវ

និទាន​តាំង​ពី​បុរាណ​យូរ​លង់​ណាស់​មក​ហើយ នៅ​នគរ​មួយ​ឈ្មោះ​ថា ​ឆដ្ឋីរាជៈ​ មាន​កសិករ​ក្រីក្រ​ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់នៅ​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ ដាក់​ឈ្មោះ​ថា អា​ឡេវ។ពេល​អាយុ​បាន​៧​ឆ្នាំ អាឡេវ​ជា​ក្មេង​មាន​គំនិត​វែង​ឆ្ងាយ​ ហើយ​តែង​តែ​ដេក​គង​ថ្ងាស​រក​នឹក​មើល​វិធី​ណាៗ​ នឹង​អាល​បាន​ស៊ី​ឆ្ងាញ់​ដេក​ស្រួល ហើយ​មាន​ទ្រព្យ​ច្រើន​ជួយ​ម្ដាយ​ឪពុក​ដែល​ក្រ​លំបាក​មួយ​ជាតិ​មក​ហើយ។ ថ្ងៃ​មួយ​ពេល​ឪពុក​ប្រើ​ឱ្យ​ចេញ​ទៅ​ស្រែ​ជាមួយ អាឡេវ​នឹក​ឃ្លាន​​ចង់​ស៊ី​នំ​ជា​ខ្លាំង។ ដេក​គិត​ចុះឡើង អាឡេវ​ក៏​​នឹក​ឃើញ​ចង់​បញ្ឆោត​ម៉ែ​ឪ​ឱ្យ​បាន​នំ​ស៊ី។ គិត​ចុះ​ឡើង ​វា​ក៏​មាន​គំនិត​និយាយ​កុហក​នឹង​​ឪពុក​​ថាទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​។ ឪពុក​ឮ​ហើយ​ក៏​ព្រម​ឱ្យ​កូន​វិល​ទៅ​​​ផ្ទះ​មុន​មែន​។ ដើរ​បាន​កណ្ដាល​ផ្លូវ អាឡេវ​ឆៀង​ចូល​​វត្ត​លោក ហើយ​ស្រែក​យំ​រក​លោក​ក្តែង​ៗ៖ 
«អឺ​អា​ចៅ! តើ​ឯង​កើត​ថី? អ្នក​ណា​ធ្វើ​អី​?!»
«​ឪពុក​ចៅ​ស្លាប់​ហើយ សូម​លោកតា​កោរ​សក់​ឱ្យ​ផង​ចុះ!»
​លុះ​កោរ​រួច​ហើយ អាឡេវ​ក៏​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ​រហូត​ជិត​ដល់​​ផ្ទះ ​វា​យក​សំពត់​មក​ទទូរ​ក្បាល​ ហើយ​ធ្វើ​ជា​យំរហាម។ ម្ដាយ​កំពុង​ហាល​ឧស​​ ឃើញ​កូន​យំ​ក៏​កើត​ឆ្ងល់​តាម​​សួរនាំ អាឡេវ​រឹត​តែ​ធ្វើ​ជា​ស្រែក​យំ​​ខ្លាំង​ឡើង​មិន​ចេញ​ស្ដី​​ គិត​ពី​លាត់​សំពត់​បង្ហាញ​​ក្បាល​កោរ​សក់​រលីង​នោះ ​ហើយ​ទ​ធាក់​ជើង​ថា ​«ពុក​ស្លាប់​ៗ​» ឮ​កូន​ថា​ហើយ ​ម្ដាយ​ទន់​ជើង​ស្រែក​​យំ​ងងុះ​បន្តិច​មក​ទើប​ងាក​សួរ​ថា​ «ចុះ​នៅ​ឯ​ណា​ខ្មោច​ឪពុក​ឯង?» អាឡេវ​ប្រាប់​ម្ដាយ​​វិញ​ថា​ នៅ​ស្រែ​ឆ្ងាយ​ពេក​​ អ្នក​ស្រុក​គេ​មិន​ឱ្យ​ទុក​ទេ គេ​នាំ​គ្នា​ជួយ​បញ្ចុះ​រួច​រាល់​តាំង​ពី​ភ្លឺ។
ម្ដាយ​ក៏​ឆ្លើយ​វិញ៖
«អើ!​ ចាំ​ម៉ែ​វេច​អន្សម​នំ​គម​ប្រគេន​លោក​ ឧទ្ទិស​ទៅ​ឪពុក​ឯង!»
អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ​ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ហើយ​តបត​វិញ​ថា៖
«គួរ​តែ​ម៉ែ​ចាស់​ហើយ​នៅ​ចាំ​ផ្ទះ សូត្រ​ធម៌​ឱ្យ​ដល់​ឪ! នំ​នេះ​ឯង ចាំ​កូន​យក​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ!»
​កុហក​ម្ដាយ​រួច​ហើយ​ក៏​បាន​នំ​ដូច​ចិត្ត​យក​ទៅ​អង្គុយ​ស៊ី​​ឆ្អែត ហល់​នៅ​សល់​តែ​បន្តិច​ ក៏​វេច​ទៅ​ដល់​ទី​ឪពុក​នៅ ​ព្រម​ទាំង​ធ្វើ​ពុត​ជា​យំ​ទៀត។
ពេល​ឪពុក​សួរ៖
«ថ្វី​ក៏​ឯង​យំ​ ហើយ​កោរ​ទាំង​សក់​ក្បាល​ អា​ណា​ស្លាប់
អាឡេវ​ប្រាប់​ឪពុក៖​
«ម៉ែ​នៅ​ផ្ទះ​ធ្លាក់​ពី​លើ​មែក​ស្វាយ​ស្លាប់​ទៅ​ហើយ!»
ព្រោះ​ឪ​ពុក​ជា​មនុស្ស​ឆោត​ល្ងង់ ឮ​កូន​ប្រាប់​ដូច្នោះ​ក៏​យំ​នឹក​ថា​ អំពី​ថ្ងៃ​នេះ​ទៅ ​លែង​ទៅ​ផ្ទះ​​ទៀត​ហើយ សុខ​ចិត្ត​នៅ​នឹង​ស្រែ​ រហូត​ទាល់តែ​អស់​ចិត្ត​សោយសោក។
អាឡេវ​ក៏​នឹក​អរ ព្រោះ​តែ​ការណ៍​ខ្លួន​មិន​ធ្លោយ​បែក​​។
លុះ​នៅ​យូរ​ៗ​ទៅ នឹក​អាណិត​ម៉ែ​ឪ ​វា​ក៏​ដេក​គង​ថ្ងាស​រក​មធ្យោបាយ​ឱ្យ​បាន​ទៅ​នៅ​មូល​នឹង​គ្នា​វិញ។​ ព្រឹក​ឡើង​ វា​ញញឹមញញែម​​ប្រាប់​ថា​នឹង​ទៅ​​រក​ដណ្ដឹង​ប្រពន្ធ​មួយ ​គ្រាន់​នឹង​ដាំ​បាយ​ថែ​ទាំ​ឪ។
​ឪពុក​ឆ្លើយ​ឡើង៖
«ឪ​ក្រែង​តែ​ខ្មាស​គេ ព្រោះ​​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​អី ​គិត​រក​ប្រពន្ធ​ថ្មី​​?​»
តែ​អាឡេវ​ចេះ​តែ​អង្វរ​វិញ​ដែរ៖
«ធ្វើ​ស្រែ​ភ្លឺ​​នឿយ​ហត់ ​តែ​ធន់​បាន ចុះ​ខោអាវ​រហែក​ បាន​ពី​ណា​ប៉ះ​ពារ​ឱ្យ?​ មនុស្ស​ប្រុស​​គ្មាន​ប្រពន្ធ​ទៅ​ធ្វើការ​ឯ​ព្រៃ​ បាត់​ការ​ឯ​ផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ ធ្វើ​ដូចម្ដេច​នឹង​បាន​សុខកាយ​សប្បាយ​ចិត្ត
​កូន​ចេះ​តែ​អង្វរ​ជា​ញយ​ៗ​ ឪពុក​ក៏​ថា​ឱ្យ​តែ​រួច​​លែង​ឮ​វា​រំខាន៖
«​ធ្វើ​អី​ក៏​ធ្វើ​ចុះ​!»
​អាឡេវ​ក៏​ចេញ​ទៅ​ផ្ទះ​ម្ដាយ ហើយ​​និយាយ​ដដែល​នឹង​ម្ដាយ​ថា ​គាត់​​ជា​ស្រី​ហើយ​មេម៉ាយ ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ ចូរ​ម៉ែ​យក​ប្ដី​ទៅ​ គ្រាន់​គេ​នឹង​ជួយ​ធ្វើ​ការងារ​ស្រែ​ចម្ការ​​ចិញ្ចឹម​។
ម្ដាយ​ឮ​ហើយ​ក៏​ឆ្លើយ៖
«ទេ​អាឡេវ​! ឪ​ឯង​ទើប​តែ​នឹង​ស្លាប់ ​ឱ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ អ្នកស្រុក​​គេ​បាន​រឿង​នឹងថា!»
អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ​ក៏​ឆ្លើយ​ឡើង៖
«តើ​មាន​​អ្នកស្រុក​ឯណា​​​ គេ​​បាន​មក​រកស៊ី​​ចិញ្ចឹម​យើង​ទៅ
វា​អង្វរ​ជា​រឿយៗ​ រហូត​​ម្ដាយ​ធុញ​ក៏​បញ្ចប់៖
​«ចំា​មើល​មាន​ពី​ណា​គេ​មក​ព្រម​ធ្វើ​ជា​ឪ​ឯង​ទេ?!»
អាឡេវ​ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ​ ក៏​អរ​ណាស់ លា​ម៉ែ​ទៅ​ស្រែ​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​ទៅ​ដល់​​ក៏​និយាយ​ប្រាប់​ឪពុក​ថា ​រក​ប្រពន្ធ​ឱ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សម្ដី​សំដៅ​កម្ពស់កំព​សម្បុរ​ស ​សំបក​ដូច​ម៉ែ​បេះ​បិទ។
​ឪពុក​ឮ​ថា​ដូច​ភរិយា​មែន ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ឱ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​លក់​ស្រូវ​ដូរ​​​មាន់​ទា​បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ​តាម​ទម្លាប់​ ឱ្យ​​អាឡេវ​បាន​នំ​ស៊ី​សប្បាយ​ចិត្ត​ណាស់។

យប់​នោះ​វា​កុហក​​ឪពុក​ថា ពេល​មក​តាម​ផ្លូវ​បាន​ឱ្យ​លោកគ្រូ​សង្ឃរាជ​គន់​ឱ្យ។ លោក​ផ្កាំ​ថា​ប្រពន្ធ​ថ្មី​​នោះ​អាច​​រៀបការ​តែ​ពេល​​យប់ ទើប​មាន​សុខ​សិរី​ដល់។
​ឪពុក​ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ជឿ​វេលា​ទៅ​​រៀបការ ​យប់​​ជញ្ជូន​បណ្ណាការ​ទៅ​ដល់​កន្លែង​ម្ដាយ​​អាឡេវ។
ឃើញ​ផ្ទះ​ហើយ​​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា ​ដូច​ជា​ផ្ទះ​នៅ​នឹង​ប្រពន្ធ​ខ្លួន​ក៏​ខ្ជិល​សង្ស័យ ​​ឡើង​ភ្លាម​​ទៅ​លើ​ផ្ទះ​ ឃើញ​ភរិយា​ពិតមែន​ក៏​​ដឹង​ក្រោយ​មក​ថា​អាឡេវ​វា​បញ្ឆោត​។
អាឡេវ​ដឹង​ថា​បែក​ការណ៍​ហើយ​ ក៏​រត់​ទៅ​នៅ​វត្ត​ឆ្ងាយ​មួយ​​មិន​អាច​រក​ឃើញ សុំ​ធ្វើ​ជា​កូន​សិស្ស​លោក​បម្រើ​ក្នុង​វត្ត។
វា​​នៅ​រៀន​អក្សរ​​នឹង​លោក​គ្រូ​សង្គ្រាជ លុះ​បាន​ស្គាល់​គេ​ឯង​អស់​ ដឹង​ថា​មាន​លោក​សង្ឃ​ណា​ខ្លះ​ដែល​មាន​ប្រាក់​ញាតិ​ពឹងព​​សន្សំ​ប្រាក់​បាន​​ ច្រើន ក៏​ដេក​គង​ថ្ងាស​នឹក​គិត​ចង់​បញ្ឆោត​​យក​លុយ​លោក​​ទៅ​ឱ្យ​ម៉ែ​ឪ​ម្ដង។
ព្រឹក​មួយ​ពេល​កំពុង​ដឹក​គោ វា​ឃើញ​ភិក្ខុ​កំលោះ​មួយ​អង្គ​ដែល​មាន​ប្រាក់​ច្រើន​និមន្ត​កាត់​ វា​ស្រែក​ឡើង​ថា​ នៅ​ភូមិ​ក្បែរ​នេះ​មាន​ស្រី​ម្នាក់​ជា​ក្រមុំ​ល្អ​ផ្ដាច់​សាច់​ស​ផូរផង់។
​​លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​សន្យា​ថា​​បើ​ប្រាកដ​អាឡេវ​អាច​ធ្វើ​មេ​អណ្ដើក​ឱ្យ​​ នឹង​ឱ្យ​ប្រាក់​ចាយ។
អាឡេវ​ទូល​វិញ​ ឱ្យ​ចាំ​ដល់​ពេល​យប់​ងងឹត​នឹង​នាំ​ស្រី​នោះ​មក​ជួប​បាន​។
​លោក​យល់ព្រម​មែន​ អាឡេវ​ក៏​ម្នីម្នា​​ដើរ​តម្រង់​ទៅ​ផ្សារ​សំដៅ​ផ្ទះ​ចិន​លក់​ថ្នាំ​ ធ្វើជា​ខ្សឹប​ភ​រ​ថា៖​
«ចិក​អើយ​!​ ស្រី​ក្រមុំ​ល្អ​មាន​នៅ​ភូមិ​មួយ​ដែល​អញ​ទៅ​​ដង្ហែ​គ្រូ​សូត្រ! បើ​ចិក​ចង់​បាន​ដំណឹង​ច្បាស់ តោង​​ឱ្យ​ប្រាក់​អញ!»
ចិន​នោះ​នៅ​កំលោះ​ចាស់​ ពេល​ឮ​ហើយ​នឹក​អរ​សប្បាយ​សន្យា​ភ្លាម​​៖​
«អញ​ឱ្យ​បាន​​!»
អាឡេវ​ថា​វិញ៖
«ឱ្យ​​ចាំ​ពេល​យប់​ងងឹត​នឹង​នាំ​មក​ឱ្យ​ចិក​ឯង​ជួប​មែន​!»
ហើយ​អាឡេវ​ក៏​ត្រលប់​ទៅ​វត្ត​វិញ​ លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ​ឱ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្ដាំ​លោក​​៖
«បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះ​សិរ​ឱ្យ​ជិត​!»
អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក​ ហើយ​និយាយ៖​
«ឥឡូវ​អញ​រក​ស្រី​ក្រមុំ​ឱ្យ​ចិក​ឯង​បាន​ហើយ​!»
អាឡេវ​វា​ផ្ដាំ​ចិន​​៖
«បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឱ្យ​ជិត​!» ទើប​នាំ​ចិក​នោះ​ទៅ​​​រោង​ដែល​លោក​នៅ​ចាំ​ ហើយ​វា​ខ្សឹប​ប្រាប់​ចិន៖
«ស្រី​នៅ​ក្នុង​នេះ​ហើយ ឱ្យ​ប្រាក់​មក​!»
ចិន​មើល​ទៅ​ក្នុង​រោង ​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​ទី​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ​ក៏​ឱ្យ​ប្រាក់​ទៅ​អាឡេវ​។ អាឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រលប់​ទៅ​វត្ត​វិញ​។ លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ​ ចិន​គិត​ថា​​លោក​ជា​ស្រី​ លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល​​ ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​ មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ​។
ចិន​ពាល់​​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក​។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ​។ អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក។​ លោក​នោះ​ថា៖​
«អាឡេវ​ឯង​បញ្ឆោត​អញ​ហើយ ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត! អញ​មិន​ឱ្យ​ឯង​ទេ​!»
អាឡេវ​ថា៖
«បើ​លោក​មិន​ឱ្យ​ប្រាក់​ទេ! ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​នឹង​ស្រី​ ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក​ក្នុង​ភូមិ​ទាំង​អស់​ឱ្យ​គេ​ដឹង​ទៀត! បើ​គេ​ដឹង​ហើយ គេ​មិន​ឱ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជាមួយ​គេ​ពុំ​បាន! មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី​ មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឱ្យ​រក​ស្រី ហើយ​លោក​ថា​ឱ្យ​ប្រាក់​ខ្ញុំ​ករុណា​មួយ​បាត ឥឡូវ​នេះ​ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា​មិន​ឱ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ​! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ!»
លោក​នោះ​ឮ​អាឡេវ​ថា​ដូច្នោះ​ក៏​ភិតភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាត​ឱ្យ​ទៅ​អាឡេវ​ជា​ប្រញាប់។
អា​ឡេវ​មិន​ព្រម​ទទួល​យក​ វា​ថា៖
«​កាល​លោក​និយាយ​នោះ​ថា ឱ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ!​ ឥឡូវ​ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក​! បើ​លោក​មិន​រក​ឱ្យ​ទេ ​ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​នឹង​ស្រី​ពី​យប់​មិញ! លោក​គ្រូ​ធំ​ជ្រាប​ហើយ​នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឱ្យ​នៅ​ក្នុង​ វត្ត​! មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ​ឱ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃការី​នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ ហើយ​ដាក់​ជា​ពល​រាជ​និមន្ត! ពុំ​នោះ​សោត គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី!»
លោក​ឮ​អាឡេវ​ថា​ដូច្នោះ​ក៏​ភ័យ​ណាស់​អង្វរ​​៖​
«ចាំ​រក​ប្រាក់​ឱ្យ! កុំ​ទៅ​ពិត​លោក​គ្រូ​ធំ​ និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ!»
ហើយ​លោក​ខំ​រក​ប្រាក់ ​លក់​ទាំង​ស្បង់​ចីពរ​ផ្សែផ្សំ​ឱ្យ​អាឡេវ​។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឱ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា៖
«ណ្ហើយ​ចុះ​! លោក​រក​ប្រាក់​ឱ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ!»
លោក​ឮ​អាឡេវ​ថា​ដូច្នោះ​ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឱ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា៖
«កុំ​ឱ្យ​និយាយ​ប្រាប់​គេ​ឱ្យ​ដឹង! ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ​!»
អាឡេវ​ថា៖​
«លោក​កុំ​ព្រួយ​ព្រះ​ទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ!​»
ហើយ​វា​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ចោល​វត្ត​វិល​ទៅ​រក​ផ្ទះ​សម្បែង​ផ្ទះ។
ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បាន​ទៅ​ដល់​ភូមិ​វិញ​មែន វា​ប្រញាប់​ឡើង​ទៅ​រក​ម្ដាយ។
ដោយ​ខ្លាច​ម្ដាយ​នៅ​ប្រកាន់​រឿង​មុន ​​អាឡេវ​បង្ហាញ​ប្រាក់​ដែល​បាន​មក​ឱ្យ​​ម្ដាយ​ឃើញ ម្ដាយ​អរ​ណាស់​​ក៏​ស្ទុះ​ទៅ​ហៅ​​ប្ដី។ ពេល​ឪពុក​​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ក៏​បាត់​ខឹង​នឹង​រឿង​បោក​​ បញ្ឆោត​ពី​មុន​នោះ​អស់។
គ្រួសារ​អាឡេវ​រស់​នៅ​សុខ​សប្បាយ​នឹង​ប្រាជ្ញា​របស់​វា រហូត​ដល់​អាឡេវ​ពេញ​កំលោះ អស់​អ្នក​ភូមិ​ណា​គេ​ព្រម​ឱ្យ​បញ្ឆោត​បាន​ វា​ក៏​ថ្វាយ​បង្គំ​លា​ម៉ែ​ឱ​ចេញ​ផ្សង​ព្រេង​រក​ទ្រព្យ​នៅ​ទី​ឆ្ងាយ។
​ទៅ​ដល់​ស្រុក​មួយ​ឆ្ងាយ​ណាស់​ ហើយ​បាន​ជួប​នឹង​ដូន​ចាស់​ម្នាក់​និង​ចៅ​ក្រមុំ​ម្នាក់​កំពុង​រៀប​ទូក​ផ្ទុក ​របស់​ទ្រព្យ​ ដើម្បី​ទៅ​នៅ​ស្រុក​ឯ​ទៀត​ឱ្យ​ជិត​ជួប​ជុំ​នឹង​អស់​បង​ប្អូន​ញាតិ​សន្ដាន​ ត្បិត​ចៅ​គាត់​ធំ​ពេញ​ក្រមុំ​ ល្មម​ឱ្យ​មាន​ប្ដី​ហើយ​។ អាឡេវ​ឃើញ​ចៅ​ដូន​ចាស់​នោះ ក៏​មាន​ចិត្ត​ស្រលាញ់ ហើយ​ជួយ​ជញ្ជូន​របស់​ទ្រព្យ​ដាក់​ទូក​។ ដូន​ចាស់​ឃើញ​អាឡេវ​ជួយ​ឈឺ​ឆ្អាល​ដូច្នោះ​ គាត់​សួរ៖
«ចៅ​ទៅ​ណា​
អា​ឡេវ​ប្រាប់​ថា៖
«ខ្ញុំ​សូម​ដោយសារ​យាយ​ទៅ​ផង!»
ដូន​ចាស់​នោះ​សួរ​ថា៖
«ចៅ​ឯង​ឈ្មោះ​អ្វី
អាឡេវ​ជម្រាប​ថា៖
«ខ្ញុំ​ឈ្មោះ​ជី​ចៅ​ប្រសា តើ​យាយ​ទៅ​ណា​? ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង​!»
យាយ​ចាស់​ឮ​អាឡេវ​សុំ​ដោយ​សារ​ដូច្នោះ​ ក៏​មាន​ចិត្ត​អរ​ នឹក​ថា​បាន​វា​ជា​គ្នា គ្រាន់​នឹង​ជួយ​ចែវ​ទូក​ទៅ។ លុះ​រៀប​របស់​ទ្រព្យ​រួច​ស្រេច​កាល​ណា អាឡេវ​ក៏​សុំ​ខ្លួន​ចែវ​ទូក។ ឯ​ដូន​ចាស់​អង្គុយ​អុំ​ក្បាល​ទូក​ ចៅ​ក្រមុំ​អង្គុយ​កណ្ដាល។ អាឡេវ​និង​ចៅ​ក្រមុំ​ចេះ​តែ​រំពៃ​មើល​មុខ​គ្នា ហើយ​ញញឹម​ទៅ​មក​រក​គ្នា។ លុះ​ចែវ​បន្តិច​ទៅ​ អាឡេវ​ធ្វើ​ជា​ភ្លេច​កាំបិត​ក៏​និយាយ​ថា៖
«ឱ​យាយ​អើយ! ខ្ញុំ​ភ្លេច​កាំបិត​ចោល​នៅ​លើ​គោក​ឯ​ក្រោយ​នោះ ត្បិត​ខ្ញុំ​រវល់​តែ​ជញ្ជូន​របស់​យាយ​ បាន​ជា​ខ្ញុំ​ភ្លេច​កាំបិត​ កាំបិត​នោះ​ជា​របស់​កេរ​កោះ​ពី​ម៉ែ​ឪ​ដូន​តា​មក​ ដូច្នេះ​ខ្ញុំ​សុំ​ត្រលប់​ទូក​ទៅ​យក​វិញ​!»
ដូន​ចាស់​ក៏​ព្រម​ត្រលប់​ទូក​ទៅ​វិញ។ លុះ​ដល់​កំពង់ ​អាឡេវ​និយាយ​នឹង​ដូន​ចាស់​ថា៖
«យាយ​អាណិត​ឡើង​ទៅ​យក​កាំបិត​ឱ្យ​ចៅ​បន្តិច!​ ខ្ញុំ​ទុក​ត្រង់​គល់​ឈើ​ខាង​លើ​ច្រាំង ​នៅ​ប្រប​ផ្លូវ​ដែល​យើង​ជញ្ជូន​របស់​មក​នោះ​!»
អាឡេវ​វា​បញ្ឆោត​យាយ​ចាស់​ឱ្យ​តែ​គាត់​ឡើង​ទៅ​ផុត​កាល​ណា នឹង​ចេញ​ទូក​អុំ​រត់​យក​ចៅ​ក្រមុំ​។ លុះ​ដូន​ចាស់​ឡើង​ដល់​មាត់​ច្រាំង​ល្មម​បាំង​ភ្នែក អាឡេវ​ក៏​ម្នីម្នា​ថយ​ទូក​ជា​ប្រញាប់​ចោល​ដូន​ចាស់​នោះ​ ហើយ​ខំ​ចែវ​តាម​បណ្ដោយ​ទឹក​ហូរ​ទៅ​។ យាយ​ចាស់​នោះ​លុះ​រក​កាំបិត​ពុំ​ឃើញ​ ក៏​ត្រលប់​មក​ទូក​វិញ​ បាត់​ទាំង​អាឡេវ បាត់​ទាំង​ទូក​ បាត់​ទាំង​ចៅ​ក្រមុំ​ ក្រឡេក​មើល​ទៅ​ក្រោម​ទឹក​ឃើញ​អាឡេវ​កំពុង​ចែវ​ទូក។
ដូន​ចាស់​ភ័យ​ណាស់​យក​ដៃ​គក់​ទ្រូង ស្រែក​ទ្រហោ​យំ​បណ្ដើរ​ ស្រែក​បណ្ដើរ​ឱ្យ​អ្នក​ស្រុក​គេ​ជួយ​ដេញ​តាម​​៖​
«សូម​ជួយ​ផង​! ត្បិត​អា​ជី​ចៅ​ប្រសា​ វា​លួច​ពង្រត់​ចៅ​ក្រមុំ​ខ្ញុំ​ទៅ​ហើយ!»
អស់​អ្នក​ស្រុក​គេ​ឮ​ថា​ ចៅ​ប្រសា​នាំ​ពង្រត់​ចៅ​ក្រមុំ​ដូច្នោះ គ្មាន​នរណា​គេ​ជួយ​ គេ​គិត​ថា ប្រពន្ធ​របស់​អាឡេវ​។ លុះ​ដូន​ចាស់​រត់​តាម​ពុំ​ទាន់​ទើប​រាយ​ដំណើរ​ប្រាប់​អ្នក​ស្រុក​ថា៖
«អា​ដែល​លួច​ចៅ​ក្រមុំ​ខ្ញុំ​ទៅ​នោះ វា​ឈ្មោះ​ជី​ចៅ​ប្រសា!​ វា​លួច​ពង្រត់​​ចៅ​ក្រមុំ​ និង​ទ្រព្យ​ខ្ញុំ​ទៅ​ទេ​តើ!»
ទើប​អ្នក​ស្រុក​គេ​ដឹង​គ្រប់​គ្នា​ថា​ អា​ឡេវ​​បញ្ឆោត​លួច​ពង្រត់​ចៅ​ក្រមុំ​និង​ទ្រព្យ​សម្បត្តិ​យាយ ដូច្នោះ​ក៏​គេ​មិន​ដឹង​ធ្វើ​ដូចម្ដេច ​នឹង​ទៅ​តាម​ក៏​មិន​ទាន់ ត្បិត​វា​ទៅ​យូរ​ណាស់​ហើយ​។
ឯ​អាឡេវ​ខំ​ចែវ ​លុះ​ដល់​វេលា​យប់​និយាយ​លួងលោម​នាង​ក្រមុំ​នោះ​ថា៖
«បាន​ជា​បង​ខំ​ពង្រត់​មក​ ត្បិត​បង​ស្រលាញ់​នាង​ណាស់​! ឥឡូវ​នេះ​បង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​!»
នាង​ក្រមុំ​នោះ​ចេះ​តែ​​​កន្ទក់កន្ទេញ​រឭក​ជីដូន ត្បិត​ធ្លាប់​នៅ​តែ​ពីរ​នាក់ ហើយ​និយាយ​ប្រាប់​អាឡេវ​ថា៖
«ម្ល៉េះ​សម​យាយ​គាត់​រក​ខ្ញុំ​មិន​ឃើញ គាត់​នឹង​លោត​ទឹក​សម្លាប់​ខ្លួន​ក៏​មិន​ដឹង? មួយ​ទៀត សម​គាត់​នឹក​រឭក​ខ្ញុំ​ គាត់​សង្រេង​សង្រៃ​អត់​ទាំង​បាយ​ ទៅ​ជា​ឈឺ​ស្លាប់​អសារ​ឥតការ!​ បើ​ជា​ដូច្នោះ​ សូម​អ្នក​ជូន​ខ្ញុំ​ទៅ​វិញ! បើ​អ្នក​មិន​ជូន​ទៅ​ទេ ខ្ញុំ​នឹង​លោត​ទឹក​សម្លាប់​ខ្លួន!»
អា​ឡេវ​ឮ​នាង​នោះ​និយាយ​ដូច្នោះ​ ក៏​វាត​ទូក​ចូល​ក្នុង​ព្រៃ​ស្ងាត់ លួងលោម​នាង​នោះ​ថា៖
«បង​ស្រលាញ់​នាង​ណាស់ ហើយ​បាន​ជា​បង​ខំ​ពង្រត់​យក​មក​ធ្វើ​ជា​ប្រពន្ធ បើ​នាង​លោត​ទឹក​សម្លាប់​ខ្លួន​ដូច្នោះ តើ​បង​បាន​នរណា​ជា​ប្រពន្ធ​!
នាង​ឆ្លើយ​ឡើង​ថា៖
«បើ​អ្នក​ស្រលាញ់ ម្ដេច​ក៏​អ្នក​មិន​ដណ្ដឹង​តាម​ច្បាប់​
អាឡេវ​ឆ្លើយ​ថា៖​
«ឱ​នាង​អើយ​! បើ​ចាំ​ដណ្ដឹង​តាម​ច្បាប់ ធ្វើ​ម្ដេច​នឹង​ឆាប់​បាន​ទាន់​ចិត្ត? បើ​គេ​ឱ្យ ​នោះ​ក៏​បាន បើ​គេ​មិន​ឱ្យ ​នោះ​នឹង​ទទេ​ឥត​អំពើ! ដូច្នេះ​ហើយ​បាន​ជា​បង​នាំ​ពង្រត់​នាង​សិន! ទៅ​ដល់​ស្រុក​ម៉ែ​ឪ​ដូន​តា​នឹង​រៀបការ​តាម​ច្បាប់! នាង​កុំ​តូច​ចិត្ត​ បង​នឹង​ជូន​ទៅ​សួរ​ជីដូន​នាង​ជា​ប្រញាប់! នាង​ពុំ​ថប់​បារម្ភ​ឡើយ​!»
នាង​ក្រមុំ​ក៏​ព្រមព្រៀង​សុខ​ចិត្ត ធ្វើ​ជា​ប្រពន្ធ​អាឡេវ​ទៅ​។
លុះ​ព្រឹក​ឡើង​ អាឡេវ​ក៏​ចែវ​ទូក​ទៅ​ទៀត​ប្រទះ​នឹង​ចោរ​៥០០​នាក់​។ ចោរ​ទាំង​៥០០​នាក់​នោះ​តែង​តែ​ទៅ​ចាំ​ប្លន់​អ្នក​ទូក​ អ្នក​ដំណើរ​ដែល​​​ទៅ​រក​ស៊ី​តែ​សព្វ​ថ្ងៃ​។ លុះ​ឃើញ​ទូក​ចែវ​ទៅ​ដល់ ក៏​គិត​ប្លន់​យក​ទ្រព្យ​របស់។ អាឡេវ​ដឹង​ថា​ចោរ​ចង់​ប្លន់​យក​ទ្រព្យ​របស់​ខ្លួន​ដូច្នោះ ក៏​ចូល​ទូក​ទៅ​ក្នុង​កណ្ដាល​ពួក​ចោរ ហើយ​ឡើង​ទៅ​និយាយ​នឹង​មេចោរ​ថា៖
«អស់​អ្នក​រាល់​គ្នា​ហ៊ាន​ប្លន់​តែ​អ្នក​ទូក អ្នក​ដំណើរ​ដែល​ដើរ​រក​ស៊ី​ដាច់ដោច​ ឆ្ងាយ​ពី​ស្រុក​ពី​ភូមិ​គេ​ ហើយ​លើក​គ្នា​ទៅ​ទាំង​ហ្វូង​ៗ​ផង! ឯ​ខ្លួន​ខ្ញុំ​មិន​ចេះ​ប្លន់​អ្នក​ដើរ​រក​ស៊ី​ដាច់​ដោច​ដូច្នេះ​ទេ! ខ្ញុំ​ប្លន់​តែ​អ្នក​ស្រុក​អ្នក​នគរ ហើយ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង​បាន​ជា​ខ្ញុំ​ហ៊ាន​ដូច្នេះ ដោយ​ខ្ញុំ​ចេះ​អាគម​កាប់​មិន​មុត ​ដុត​មិន​ឆេះ ហើយ​ចេះ​ទាំង​អាគម​បឋមំ បឋម៉ឺន ប៉ែត​ដាន សាដាន មហា​ស្រឡប់ មហា​ស្រឡាយ​ នារាយណ៍​បែង​ភាគ​ នារាយណ៍​កាឡា ខ្ញុំ​ចេះ​អស់​មិន​សល់!​ នេះ​ខ្ញុំ​ទើប​នឹង​មក​ពី​ប្លន់​ស្រុក​គេ យក​បាន​ទាំង​កូន​ក្រមុំ​គេ​ម្នាក់​មក​ផង បើ​អ្នក​ឯង​មិន​ជឿ​ អ្នក​សួរ​ស្រី​នោះ​ចុះ!»
អស់​ពួក​ចោរ​បាន​ស្ដាប់​អាឡេវ​អួត​ប្រាប់​ពី​សិល្ប​សាស្ត្រ​អាគម​វិជ្ជាការ​ដូច្នោះ​ហើយ​ ក៏​ចង់​រៀន​ទើប​និយាយ​នឹង​អាឡេវ​ថា៖​
«បើ​ដូច្នោះ សូម​អ្នក​បង្ហាញ​អាគម​សិល្បសាស្ត្រ​ដល់​យើង​រាល់​គ្នា​ផង​! យើង​សុំ​អ្នក​ធ្វើ​
ជា​គ្រូ​បង្ហាញ​ប្រដៅ ហើយ​នៅ​រក​ស៊ី​ជាមួយ​គ្នា!»
អាឡេវ​ថា៖
«បើ​អ្នក​រាល់​គ្នា​ចង់​រៀន ខ្ញុំ​ក៏​បង្ហាញ​បាន ប៉ុន្តែ​ការ​រក​ទី​ធ្វើ​ពិធី​ចូល​ត្រណម​នោះ​ក្រ​ណាស់! មាន​តែ​រក​កោះ​ដាច់​ពី​ស្រុក​ពី​ភូមិ​គេ ហើយ​នៅ​កណ្ដាល​ទន្លេ​ឆ្ងាយ​ពី​ត្រើយ​នោះ​ទើប​ធ្វើ​បាន!»​
ហើយ​អាឡេវ​និង​ចោរ​ក៏​នាំ​គ្នា​ទៅ​រក​កោះ​កណ្ដាល​សមុទ្រ​បាន​ឃើញ​កោះ​មួយ​ មាន​ផ្នូក​ខ្សាច់​ល្អ ក៏​ឡើង​ទៅ​លើ​កោះ​នោះ​ រក​មើល​ទី​កន្លែង​សម​គួរ​ឆ្ងាយ​ពី​កន្លែង​ចត​សំពៅ​។ អាឡេវ​ប្រាប់​ថា៖
«បើ​អ្នក​ចង់​ចេះ​អាគម​ឱ្យ​ពូកែ​នោះ​ ត្រូវ​ស្ដាប់​ខ្ញុំ!​ បើ​ខ្ញុំ​បង្គាប់​ឱ្យ​ធ្វើ​អ្វី ត្រូវ​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ទាំង​អស់ នោះ​ទើប​បាន​អាគម​ពូកែ​ឆុត​ឆាប់​!»
អស់​ចោរ​ទាំង​៥០០​នាក់​ក៏​ទទួល​ព្រម​ធ្វើ​តាម​ទាំង​អស់​ ហើយ​អាឡេវ​បង្គាប់​ឱ្យ​ធ្វើ​រោង​ពិធី​មាន​បាយសី មាន​ទៀន​ធូប ភ្ញីផ្កា ហើយ​មាន​រា​ជ័រ​តិ​ឆត្រ​ទង់ សង់​ជា​រាន​៧៦​ថ្នាក់ ហើយ​វា​ឱ្យ​ជីក​កកាយ​ដី​ខ្សាច់​ជា​អណ្ដូង​ធំ​ជ្រៅ ឱ្យ​មាន​ទឹក​ល្មម​មុជ​លិច​ក្បាល។​ លុះ​ធ្វើ​ស្រេចហើយ វា​បង្គាប់​ចោរ​៥០០​នាក់​ឱ្យ​កោរ​សក់ ឱ្យ​ស្រាត​សំពត់​ចេញ​ទាំងអស់​គ្នា ហើយ​វា​និយាយ​បញ្ឆោត​ចោរ​ទាំង​៥០០​នាក់​ថា៖
«រី​អាគម​ខ្ញុំ​​​ដែល​នឹង​រៀប​នោះ​ ត្រូវ​មុជ​ទឹក ​ហើយ​នឹង​សូត្រ​អត់​ដង្ហើម​នៅ​ក្នុង​ទឹក​បាន​៧​ចប់ ទើប​ពូកែ​មែន​ទែន​!»
ពួក​ចោរ​ក៏​នាំ​គ្នា​ហាត់​មុជ​ទឹក​សូត្រ​អាគម​។ ឯ​អាឡេវ​ចុះ​ទៅ​សំពៅ​និយាយ​ខ្សឹប​ប្រាប់​ប្រពន្ធ​ឱ្យ​រៀប​ខ្លួន ហើយ​ទាញ​ពួរ​​យុថ្កា​ឱ្យ​ខ្លី វា​ផ្ដាំ​ប្រពន្ធ​ថា៖​
«បើ​អញ​រត់​ចុះ​ពី​លើ​គោក​មក​ ត្រូវ​ទាញ​ពួរ​យុថ្កា​ឡើង​ឱ្យ​ឆាប់​!»
ផ្ដាំ​ស្រេច​ហើយ​ក៏​ត្រលប់​ទៅ​វិញ លុះ​ដល់​ព្រលប់​យប់​ងងឹត វា​ឱ្យ​ពួក​ចោរ​មុជ​ទឹក ហើយ​បង្គាប់​ថា
«បើ​មុជ ត្រូវ​មុជ​ឱ្យ​ព្រម​គ្នា​! បើ​ងើប ងើប​ឱ្យ​ព្រម​គ្នា ទើប​អាគម​ពូកែ​!»
លុះ​ពួក​ចោរ​មុជ​ព្រម​គ្នា​ហើយ អាឡេវ​ក៏​រត់​ចុះ​ទៅ​សំពៅ​ដក​យុថ្កា លា​ក្ដោង​ ជួន​ជា​ខ្យល់​ជំនោរ​មក​ដល់ អាឡេវ​បើក​ក្ដោង​យោង​ទាំង​សំប៉ាន​ទៅ​ចោល​ចោរ​ទាំង​៥០០​នាក់​ឱ្យ​នៅ​លើ​កោះ​ នោះ​។ ឯ​ចោរ​ទាំង​៥០០​ ងើប​អំពី​ទឹក​ឡើង​រក​មើល​អាឡេវ​ពុំ​ឃើញ​ក៏​សួរ​គ្នា​ថា៖
«លោក​គ្រូ​ទៅ​ណា​
នាំ​គ្នា​រក​ឯ​កំពង់​មិន​ឃើញ​ ក៏​ឡើង​ទៅ​មើល​នៅ​រោង​ពិធី​ក៏​មិន​ឃើញ បាត់​ទាំង​សំពៅ​ទាំង​មនុស្ស​។
ពួក​ចោរ​ទាំង​៥០០​ក៏​ដឹង​ថា​ អាឡេវ​បញ្ឆោត​ហើយ​ទើប​នាំ​គ្នា​រក​ឈើ​ឫស្សី​ធ្វើ​ក្បូន​ឆ្លង​។ អាឡេវ​បើក​សំពៅ​យក​ទ្រព្យ​របស់​ចោរ​ទាំង​៥០០​ដែល​នៅ​ក្នុង​សំពៅ​នោះ​តែ​ពីរ​ នាក់​ប្ដី​ប្រពន្ធ លុះ​បើក​ក្ដោង​ទៅ​អស់​មួយ​យប់​មួយ​ថ្ងៃ​ក៏​បាន​ដល់​ស្រុក​មួយ ហើយ​វា​រក​មើល​មនុស្ស​ក្នុង​ស្រុក​នោះ​ពុំ​ឃើញ​មាន​មនុស្ស​ប្រុស មាន​តែ​មនុស្ស​ស្រី ​ទើប​ដឹង​ថា​ជា​ស្រុក​ចោរ​ដែល​វា​បញ្ឆោត​នោះ ទើប​វា​បោះ​យុថ្កា​ឈប់​។
អស់​ប្រពន្ធ​ចោរ​ទាំង​នោះ​មិន​បាន​ដឹង​ស្គាល់​ថា​ជា​សំពៅ​របស់​ប្ដី​ក៏​ ទេ ត្បិត​កាល​ដែល​ប្ដី​ចេញ​ទៅ​អំពី​ផ្ទះ​តែ​ខ្លួន​ទទេ លុះ​បាន​ជួប​នឹង​ឈ្មួញ​សំពៅ​ក៏​ប្លន់​យក ​បាន​ជា​ប្រពន្ធ​កូន​មិន​ដឹង​មិន​ស្គាល់​។ លុះ​អាឡេវ​បោះ​យុថ្កា​រួច​ស្រេច​ហើយ ក៏​យក​ដី​ស​និង​ក្ដារ​ឆ្នួន​ចេញ​មក​ក្រៅ ហើយ​ធ្វើ​ជា​គូស​វាស​ចាប់​យាម។ អស់​ប្រពន្ធ​កូន​ចៅ​ចោរ​មើល​មក​ឃើញ​អាឡេវ​គូស​វាស​ដូច្នោះ​ក៏​នឹក​ស្មាន​ថា​ វា​ចេះ​ចាប់​យាម​ទើប​សួរ​ថា៖​
«អ្នក​អើយ! អ្នក​ចេះ​ចាប់​យាម​អាណិត​មើល​ឱ្យ​ប្ដី​ខ្ញុំ​បន្តិច!​ ត្បិត​គាត់​ទៅ​រកស៊ី​ជា​យូរ​ខែ​ហើយ​!»
អាឡេវ​ឮ​ដូច្នោះ​ហើយ​ក៏​ដឹង​ច្បាស់​ថា ស្រី​ទាំង​នោះ​ជា​ប្រពន្ធ​ចោរ​ដែល​អញ​បញ្ឆោត​នោះ​ជា​ប្រាកដ​ហើយ វា​ឆ្លើយ​ឡើង​ថា៖
«ក្រ​អ្វី​សព្វ​បើ​ចាប់​យាម​នោះ ទោះ​បី​សម្ដង្ស​សម្ភារ​ភ្លឹក អត្តៈ លេខ​យន្ត​អ្វី ​ខ្ញុំ​ក៏​ចេះ​ទាំងអស់​! អ្នក​ចង់​មើល​អំពី​រឿង​អ្វី​ យក​តែ​ទៀន​ធូប​ ស្លា​ ម្លូ​មក​បូជា​គ្រូ កុំ​ឱ្យ​សាប​អាគម​យាម​ខ្ញុំ តាម​គ្រូ​ប្រដៅ​មក​!»
ឯ​ប្រពន្ធ​ចោរ​ឮ​អាឡេវ​ថា​ដូច្នោះ​ក៏​ម្នីម្នា​ឡើង​ទៅ​ផ្ទះ​ជា​ប្រញាប់​ ប្រាប់​ប្រពន្ធ​ចោរ​ឯ​ទៀត​ៗ​ឱ្យ​រក​ទៀន​ធូប​ភ្ញី​ផ្កា​ស្លា​ម្លូ​ចេក​អំពៅ​ យក​ទៅ​ជូន​គ្រូ​។ អាឡេវ​ទទួល​យក​ជំនូន​ ហើយ​​តាំង​យក​ក្ដារ​ឆ្នួន​មក​គូស​វាស ​ធ្វើ​ជា​ចាប់​យាម​គិត​ប្រមាណ​ក្នុង​ចិត្ត​ឱ្យ​ត្រូវ​ពេលា​ ល្មម​តែ​ពួក​ចោរ​ទាំង​៥០០​នោះ​មក​ដល់​ផ្ទះ គឺ​វា​គិត​ប្រមាណ​គ្នេរ​ចម្ងាយ​ផ្លូវ ហើយ​ប្រាប់​ប្រពន្ធ​ចោរ​ថា៖​
«ប្ដី​អស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​ក្នុង​ថ្ងៃ​ស្អែក​នេះ ប៉ុន្តែ​ក្នុង​វេលា​យប់​នេះ​នឹង​មាន​ព្រាយ​ក្បាល​ត្រងោល​ អាក្រាត​កាយ​រត់​ចូល​មក​ក្នុង​ផ្ទះ​បង្កើត​ជា​ឧត្បាត​ធំ​ណាស់! បើ​ដូច្នោះ​ មាន​តែ​អ្នក​រាល់​គ្នា​គិត​រម្ងាប់​ឧត្បាត​ចេញ​ទើប​ជា​!»
ឯ​អស់​ប្រពន្ធ​កូន​ចោរ​ទាំង​៥០០ ឮ​អាឡេវ​ថា​ដូច្នោះ​ក៏​ភិតភ័យ ​ហើយ​សួរ​ថា៖​
«គិត​ធ្វើ​ដូចម្ដេច​នឹង​រំងាប់​ឧត្បាត​ចេញ​បាន​
អាឡេវ​ឆ្លើយ​ថា៖
«វា​ងាយ​ទេ! ការ​រម្ងាប់​ឧត្បាត​នោះ គឺ​ដល់​វេលា​ព្រលប់​កាល​ណា ​ត្រូវ​អស់​អ្នក​រាល់​គ្នា​នាំ​កូន​ចៅ​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ ផ្ទះ បើ​ឃើញ​ព្រាយ​ក្បាល​ត្រងោល​​អាក្រាត​កាយ​រត់​ចូល​មក​ក្នុង​ផ្ទះ ​ត្រូវ​វាយ​កុំ​ឱ្យ​វា​ចូល​បាន​!»
ឯ​ពួក​ចោរ​ទាំង​៥០០​នោះ​ លុះ​ឆ្លង​រួច​ដល់​ត្រើយ​កាល​ណា ពេល​ថ្ងៃ​ពួន​ព្រៃ យប់​នាំ​គ្នា​ដើរ​កាត់​តម្រង់​មក​ផ្ទះ ព្រោះ​គ្មាន​សំពត់​ស្លៀក​បាន​ជា​មិន​ចេញ​ដើរ​ពេល​ថ្ងៃ លុះ​ដល់​ថ្ងៃ​កំណត់​ដែល​អាឡេវ​ចាប់​យាម ពេល​ព្រលប់​ពួក​ចោរ​ក៏​ដល់​ផ្ទះ​ខ្លួន​។ ឯ​កូន​ប្រពន្ធ​ដែល​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ឃើញ​ប្ដី​រត់​ចូល​មក ​ក្នុង​ផ្ទះ គិត​ស្មាន​ថា​ជា​ព្រាយ​ក្បាល​ត្រងោល​មែន ក៏​គិត​តែ​វាយ​ទាល់​តែ​ដួល​សន្លប់​ខ្លះ របួស​ពិការ​ខ្លះ ក្រោយ​មក​ទើប​បាន​ដឹង​ថា​ជា​ប្ដី​ ជា​ឪពុក​ខ្លួន ហើយ​និយាយ​តាម​ដំណើរ​ប្រាប់​ប្ដី​សព្វ​គ្រប់​។
ពួក​ចោរ​ទាំង​៥០០​ខឹង​នឹង​អាឡេវ​ខ្លាំង​ណាស់ តែ​មិន​ដឹង​គិត​ធ្វើ​ដូចម្ដេច​ ព្រោះ​ខ្លួន​ត្រូវ​ដំបង​ដំណំ​ទាំង​អស់​គ្នា​ ហើយ​មិន​ដឹង​ជា​អាឡេវ​នៅ​ឯ​ណា។ វេលា​នោះ ​អាឡេវ​នៅ​ចាំ​លប​ស្ដាប់​ប្រពន្ធ​កូន​ចោរ​វាយ​ប្ដី​ខ្លួន ដល់​ឮ​មាត់​ស្រែក​ទ្រហឹង​ពេញ​ពាស​ទាំង​ស្រុក ក៏​បើក​សំពៅ​រត់​ទៅ​ស្រុក​ប្រពន្ធ​វិញ លុះ​ទៅ​ដល់​ហើយ អាឡេវ​និង​ប្រពន្ធ​ឡើង​ទៅ​រក​ជីដូន បាន​ជួប​នឹង​ជីដូន​ក៏​សំពះ​សូម​ទោស ហើយ​ប្រគល់​របស់​ទ្រព្យ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន​ជូន​ជីដូន​ទាំង​អស់​។ ជីដូន​បាន​ឃើញ​សម្បត្តិ​អាឡេវ​ពេញ​សំពៅ​ក៏​បាត់​ខឹង​ បែរ​ជា​ស្រលាញ់​រាប់អាន​អាឡេវ​ជា​ចៅ​ប្រសា​មែន​ទែន​។
អាឡេវ​រៀប​សង់​ផ្ទះ​ លោះ​ខ្ញុំ​កំដរ​ពាស​ពេញ​ក្នុង​ផ្ទះ​ឱ្យ​បម្រើ​ជីដូន​ក្មេក​និង​ប្រពន្ធ លុះ​នៅ​យូរ​បន្តិច​មក​ក៏​លា​ជីដូន​និង​ប្រពន្ធ​ទៅ​សួរ​ម្ដាយ​ឪពុក​វា។ ជីដូន​ក្មេក​ផ្ដាំ​ថា៖​
«បើ​ចៅ​ទៅ​ កុំ​នៅ​យូរ​ពេក! ឆាប់​ត្រលប់​មក​រក​ជីដូន​វិញ! ត្បិត​សព្វ​ថ្ងៃ​នេះ ជីដូន​កំព្រា​ឥត​មាន​អ្នក​ឯណា​ជា​ទី​ពឹង​ទេ​!»
ឯ​ប្រពន្ធ​អាឡេវ​ចង់​តាម​អាឡេវ​ទៅ​ដែរ ក៏​និយាយ​ថា៖
«ខ្ញុំ​ចង់​ទៅ​ជា​មួយ​នឹង​អ្នក​ ឱ្យ​ស្គាល់​ម៉ែ​ឪ​ បង​ប្អូន ញាតិ​សន្ដាន ស្រុក​ទេស​អ្នក​មួយ​ទៀត! ខ្ញុំ​មិន​ចង់ ឃ្លាត​ឆ្ងាយ​ពី​អ្នក​ទេ ព្រោះ​ថា​ស្ត្រី​ប្ដី​ទៅ​ឆ្ងាយ​ហើយ កម្រ​នឹង​ទុក​ដាក់​រក្សា​ខ្លួន​ណាស់​! អ្នក​ផង​គេ​តែង​និន្ទា​ថា ដូច​ជា​ស្រី​មេម៉ាយ​ចំណាយ​មាត់​គេ! ហេតុ​ដូច្នេះ បាន​ជា​ខ្ញុំ​មិន​ចង់​នៅ ​ចង់​ទៅ​តាម​អ្នក​ជា​ប្ដី!»
អាឡេវ​ឆ្លើយ​ឡើង​ថា៖
«នាង​អើយ! បង​ចង់​បាន​នាង​ទៅ​ជាមួយ​ដែរ​ ប៉ុន្តែ​អាណិត​ជីដូន! ត្បិត​គាត់​ចាស់​ជរា​ណាស់​ហើយ​ ក្រែង​ឈឺចាប់​យប់​ថ្ងៃ គ្មាន​នរណា​ថែទាំ​បី​បម​រក្សា​ដុះ​ថ្នាំ​ចាំ​ជំងឺ​ នឹង​ទុក​ចិត្ត​លើ​មនុស្ស​ម្នា​ខ្ញុំ​កំដរ​មិន​បាន​ទេ! ដូច​កាល​យើង​នាំ​គ្នា​រត់​ទៅ​នោះ គាត់​សន្ធឹក​សន្ធៃ​ឈឺ​រីងរៃ​ស្គាំង​ស្គម​ ទើប​នឹង​បាន​គ្រាន់​បើ​​ឥឡូវ​នេះ! បើ​យើង​ទៅ​ចោល​គាត់​ទៀត គាត់​នឹង​ឈឺ​ស្លាប់​ពុំខាន​ឡើយ! ពី​មុន​បាន​ជា​ខុស​ធ្លោយ​ម្ដង​ទៅ​ហើយ! ឥឡូវ​នេះ យើង​គិត​កុំ​ឱ្យ​ខុស​ធ្លោយ​ម្ដង​ទៀត​!»
ឯ​ប្រពន្ធ​ឮ​ប្ដី​ថា​ដូច្នោះ​ នឹក​អាណិត​ជីដូន​ ក៏​ព្រម​ឱ្យ​ប្ដី​ទៅ​ទើប​រៀប​ស្បៀង​រៀង​ខ្លួន​សម្រាប់​បរិភោគ​តាម​ផ្លូវ​ សព្វ​គ្រប់​ ហើយ​សួរ​ប្ដី​ថា៖
«អ្នក​នឹង​យក​មនុស្ស​ម្នា​រទេះ​សាឡី​ទៅ​ប៉ុន្មាន​
អាឡេវ​ឆ្លើយ​ថា៖
«បង​មិន​យក​ទៅ​ទេ! បង​ទៅ​តែ​ម្នាក់​ឯង​!»
ឯ​គំនិត​អាឡេវ ​បាន​ជា​មិន​ចង់​យក​មនុស្ស​ម្នា​ទៅ​ ពី​ព្រោះ​គិត​ចង់​បាន​ប្រពន្ធ​មួយ​ទៀត បើ​យក​មនុស្ស​តាម​​ ក្រែង​គេ​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធ​ហើយ នឹង​ទៅ​ដណ្ដឹង​កូន​គេ​ទៀត ក្រែង​គេ​មិន​ឱ្យ​ ហើយ​វា​និយាយ​នឹង​ប្រពន្ធ​ថា៖
«បង​ធ្លាប់​ដើរ​តែ​ម្នាក់​ឯង! តែ​មាន​មនុស្ស​ម្នា​ក្របី​គោ​រទេះ​ទៅ​ជា​មួយ​ផង នឹង​ធ្វើ​ដំណើរ​មិន​រហ័ស​ទាន់​ចិត្ត! ហេតុ​ដូច្នេះ​បាន​ជា​បង​មិន​ចង់​យក​ទៅ​!»
អាឡេវ​វេច​តែ​ប្រាក់​និង​ស្បៀង​គ្រាន់​នឹង​ស៊ី​តាម​ផ្លូវ​។ ឯ​ជីដូន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ថា៖
«បើ​ចៅ​ទៅ​ដល់​ ម្ដាយ​ឪពុក​នៅ​ជា​សុខ​សប្បាយ​ ចូរ​ចៅ​ឆាប់​ត្រលប់​មក​វិញ​ណា៎​ចៅ​ណា៎​!»
អាឡេវ​ក៏​លា​ជីដូន​និង​ប្រពន្ធ​ ហើយ​ចេញ​ដំណើរ​ទៅ​។ លុះ​ទៅ​ដល់​អ្នក​ង៉េះ​និង​នាង​ង៉ោះ​ជា​ឪពុក​ម្ដាយ​ហើយ​ ក៏​យក​ប្រាក់​ទៅ​ជូន​ម្ដាយ​ឪពុក។ ម្ដាយ​ឪពុក​មាន​ចិត្ត​ត្រេក​អរ​សួរ​ថា៖​
«កូន​ទៅ​ណា​បាត់​យូរ​ម្ល៉េះ​? ម្ដាយ​ឪពុក​ចេះ​តែ​ទន្ទឹង​មើល​ផ្លូវ​កូន​តែ​សព្វ​ថ្ងៃ​!»
អាឡេវ​ប្រាប់​ថា៖
«ខ្ញុំ​ទៅ​គិត​ការ​រក​ស៊ី ត្បិត​ម៉ែ​ឪ​ឯង​មិន​គិត​រក​ស៊ី​នឹង​គេ​!»
អ្នក​ង៉េះ​និង​នាង​ង៉ោះ​ឆ្លើយ​ថា៖​
«តាម​តែ​កូន​គិត​ចុះ! ចំណែក​ឯ​ខាង​ម្ដាយ​និង​ឪពុក​រក​ស៊ី​គ្រាន់​តែ​មាត់ ហើយ​និង​រក្សា​ទ្រព្យ​ទុក​ឱ្យ​កូន! ចូរ​កូន​គិត​រក​អម្រស់​អម្រ​ដោយ​ខ្លួន​ឯង​ចុះ!»
អាឡេវ​នៅ​នឹង​ម្ដាយ​ឪ​ពុក​បាន​ពីរ​បី​ថ្ងៃ ក៏​លា​ចេញ​ដើរ​ទៅ​ទៀត លុះ​ទៅ​ដល់​ស្រុក​ធំ​ វា​ចូល​ទៅ​មើល​ក្នុង​វាំង​សព្វ​គ្រប់​ហើយ ចេញ​មក​រក​មើល​ផ្ទះ​នាហ្មឺន​សេដ្ឋី​ក៏​ឃើញ​សេដ្ឋី​ម្នាក់​មាន​ផ្ទះ​ធំ​ទ្រនំ ​ខ្ពស់​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ មាន​រោង​រទេះ​គោ​ក្របី​ដំរី​សេះ មនុស្ស​ម្នា​ខ្ញុំ​កំដរ​ពាស​ពេញ​មាន​ច្បារ​ដំណាំ​ជា​ឧទ្យាន​ មាន​ជើង​ផ្កា​គ្រប់​ជំពូក​គ្រប់​ពណ៌​ដាក់​ហែ​ជា​ជួរ​ក្នុង​សួន​ច្បារ មាន​ត្រី​ប្រាក់​ត្រី​មាស មាន​ស្រះ​ដាំ​ដើម​ឈូក​ស ​ឈូក​ក្រហម​ ព្រលិត ​លំចង់​​ដុះ​ពាស​ពេញ ហើយ​មាន​កូន​ក្រមុំ​មិន​ទាន់​មាន​ប្ដី​។ អាឡេវ​មាន​ចិត្ត​ស្រលាញ់​ចង់​បាន ​ក៏​ចូល​ទៅ​កាន់​ផ្ទះ​សេដ្ឋី​ ហើយ​ជម្រាប​សុំ​ខ្លួន​នៅ​ធ្វើ​ជា​កូន​ក្មួយ​។ សេដ្ឋី​ឃើញ​អាឡេវ​មក​សុំ​ខ្លួន​នៅ​ធ្វើ​ការ​ជា​កូន​ក្មួយ​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ស្រលាញ់ ហើយ​សួរ​ថា៖
«ឯង​នៅ​ស្រុក​ណា​
«ម្ដាយ​ឪពុក​ខ្ញុំ​បាទ​មាន​ទ្រព្យ​របស់​របរ​ ខ្ញុំ​កំដរ គោ​ក្របី ដំរី​សេះ ផ្ទះ​សម្បែង​ដូច​លោក​ដែរ! ប៉ុន្តែ​គាត់​មាន​ជំងឺ​ឈឺ​ស្លាប់​អស់​ហើយ! ខ្ញុំ​បាទ​តូច​ចិត្ត​ណាស់! មិន​ចង់​នៅ​ ត្បិត​ធ្លាប់​មាន​ម៉ែ​ឪ! ឥឡូវ​នៅ​តែ​ម្នាក់​ឯង​ បាន​ជា​ខ្ញុំ​បាទ​ចោល​ផ្ទះ​សម្បែង​ទ្រព្យ​របស់​ មក​សុំ​នៅ​ជាមួយ​នឹង​លោក! តាម​តែ​លោក​ប្រើ​ធ្វើ​ការងារ​អ្វី​ៗ ខ្ញុំ​បាទ​ទទួល​ទាំង​អស់!»
សេដ្ឋី​ក៏​ព្រម​ទទួល​យក​អាឡេវ​ឱ្យ​នៅ។ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ដែល​មក​នៅ​នឹង​សេដ្ឋី អាឡេវ​តែង​ភ្ញាក់​អំពី​ព្រឹក​ បោស​ផ្ទះ​ថែ​ទាំ​របស់​ទ្រព្យ​រៀប​ទុក​ដាក់​តាម​ទី​កន្លែង ហើយ​ខំ​ធ្វើ​ការ​ដូច​ជា​របស់​ខ្លួន។ សេដ្ឋី​ឃើញ​អាឡេវ​ឧស្សាហ៍​ធ្វើ​ការ​ ថែទាំ​របស់​ទ្រព្យ​ មិន​មាន​ឱ្យ​ឃ្នើស​ចិត្ត ក៏​រឹត​តែ​ស្រលាញ់​ឡើង ឱ្យ​អាឡេវ​ត្រួត​ត្រា​ដាស់​តឿន​មនុស្ស​ម្នា​ខ្ញុំ​កំដរ​ទាំង​អស់។ រាល់​តែ​វេលា​សេដ្ឋី​ទៅ​គាល់​ស្ដេច​ បាន​យក​អាឡេវ​ទៅ​ផង លុះ​ទៅ​ជា​ញឹក​ញយ​ អាឡេវ​ស្គាល់​ពួក​ក្រម​ការ និង​កូន​ក្មួយ​ទាំង​អស់។ ត​មក​ទៀត វា​ស្គាល់​ដល់​នាហ្មឺន​ធំ​តូច តាំង​ពី​លោក​ក្រឡា​ហោម យមរាជ ចក្រី​វាំង និង​នាហ្មឺន​ធំ​តូច​​ឯ​ទៀត ប៉ុន្តែ​អាឡេវ​ធ្វើ​ចិត្ត​ជា​ ទុក​ជា​នរណា​ត្មះ​តិះ​ដៀល​ដូចម្ដេច​ ក៏​មិន​ចេះ​ខឹង​នឹង​គេ សូម្បី​កូន​ក្មួយ​ផង​គ្នា​ធ្វើ​ដូចម្ដេច​ៗ​ក្ដី​ អាឡេវ​ក៏​មិន​ចេះ​តប​ មិន​ចេះ​ខឹង​ឡើយ។
កាល​អាឡេវ​តាម​សេដ្ឋី​ទៅ​គាល់​ស្ដេច ហើយ​មាន​គេ​សួរ​ថា​​ឯង​ឈ្មោះ​អី​?​ វា​ប្រាប់​ថា ឈ្មោះ​អាឡេវ​តេវ។​​
ពួក​នាហ្មឺន​ តែ​ឃើញ​អាឡេវ​ទៅ​ហើយ ក៏​ហៅ​ថា​អាឡេវ​តេវ​តែ​រាល់​គ្នា​ដូច្នេះ​ឯង​។ ក្រោយ​មក​ អាឡេវ​តេវ​ទៅ​លេង​នៅ​សាលា​ជំនុំ ស្ដាប់​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្ដី​តែ​សព្វ​ថ្ងៃ ​ក៏​ចេះ​ច្បាប់​ទម្លាប់​ច្រើន ហើយ​អាឡេវ​តេវ​រើស​យក​​​សំបុត្រ​ដែល​គេ​បោះ​ចោល ​មាន​ទាំង​ស្នាម​ត្រា បោះ​នៅ​នោះ​ផង តាំង​ពី​ត្រា​លោក​ក្រឡា​ហោម យមរាជ និង​នាហ្មឺន​ធំ​តូច​ទាំង​អស់​ដែល​មាន​មាស​ប្រាក់​ច្រើន ហើយ​វា​យក​ក្រមួន​មក​សូន​ធ្វើ​ជា​ត្រា ហើយ​វាស់​នឹង​រង្វង់​ត្រា​កាក​សំបុត្រ​ចាស់ ហើយ​ឆ្លាក់​ធ្វើ​ឱ្យ​ត្រូវ​តាម​ស្នាម​ត្រា​ចាស់​ទាំង​អស់​ រួច​វា​ធ្វើ​ជា​សំបុត្រ​សឹង​មាន​ឈ្មោះ​នាហ្មឺន​អស់​នោះ​ជំពាក់​ប្រាក់ ​ខ្លះ​១០០​ណែន ខ្លះ​២០០​ណែន ខ្លះ​៥០០​ណែន គ្រប់​តែ​នាហ្មឺន​ធំ​តូច​តែ​រាល់​គ្នា​ទាំង​អស់​ ហើយ​បត់​ទុក​ក្នុង​ហឹប​មួយ​ពេញ។ បើ​ខ្លួន​វា​មិន​នៅ ទៅ​ធ្វើ​ការ​ទី​ណា​ក្ដី ឬ​ទៅ​លេង​ក្ដី​ វា​យក​ហឹប​នោះ​ទៅ​ផ្ញើ​នឹង​ប្រពន្ធ​សេដ្ឋី​ ហើយ​ផ្ដាំ​ថា​ កុំ​ឱ្យ​នរណា​បើក​ឱ្យ​សោះ ដល់​វា​វិល​មក​ ក៏​ទៅ​យក​ហឹប​នោះ​មក​វិញ ធ្វើ​ដូច្នេះ​ជា​រឿយៗ។
លុះ​ដល់​ថ្ងៃ​ក្រោយ​ទៀត  អាឡេវ​តេវ​រៀប​ទៅ​ធ្វើ​ការ​ក៏​យក​ហឹប​ទៅ​ផ្ញើ​នឹង​ប្រពន្ធ​សេដ្ឋី​ ហើយ​ផ្ដាំ​ថា៖​
«អ្នក​ប្រយ័ត្ន​រក្សា​ទុក​ឱ្យ​ល្អ! កុំ​ឱ្យ​នរណា​បើក​មើល​លេង​!» ហើយ​វា​ក៏​ទៅ​ធ្វើ​ការ​ទៅ​។ ឯ​ប្រពន្ធ​សេដ្ឋី​នឹក​ឆ្ងល់​នឹង​ហឹប​អាឡេវ​តេវ​ណាស់​ ក៏​យក​ហឹប​នោះ​មក​បើក​មើល​ ឃើញ​សំបុត្រ​ពេញ​ក្នុង​ហឹប​ ហើយ​លា​មើល​សំបុត្រ​អស់​នោះ បាន​ឃើញ​សេចក្ដី​សំបុត្រ​ថា ​ពួក​នាហ្មឺន​ជំពាក់​ប្រាក់​​សឹង​មាន​ចំនួន​គ្រប់​គ្នា​អស់​ ហើយ​បោះ​ត្រា​ផង​។ លុះ​រើ​មើល​សំបុត្រ​ទាំង​អស់ ​ឃើញ​សុទ្ធ​តែ​នាហ្មឺន​ជំពាក់​ប្រាក់​ជា​ច្រើន​​ដូច្នោះ​ ក៏​យក​ហឹប​សំបុត្រ​ទៅ​បង្ហាញ​សេដ្ឋី​ជា​ប្ដី​។
ឯ​សេដ្ឋី​បាន​ឃើញ​សំបុត្រ​អាឡេវ​តេវ​សព្វ​គ្រប់​ហើយ ក៏​និយាយ​នឹង​ប្រពន្ធ​ថា៖
«កាល​អាឡេវ​តេវ​ វា​មក​នៅ​នឹង​យើង​នោះ អញ​បាន​សួរ​ពី​ម្ដាយ​ឪពុក​វា​នៅ​រស់​នៅ​ឡើយ​នោះ មាន​ទ្រព្យ​សម្បត្តិ​ដូច​ជា​យើង​នេះ​ដែរ​! ឥឡូវ​នេះ មក​ឃើញ​សំបុត្រ​អស់​នាហ្មឺន​ជំពាក់​ប្រាក់​វា​ច្រើន​ម្ល៉េះ​នេះ សឹង​ត្រូវ​នឹង​ពាក្យ​វា​និយាយ​​ពី​មុន​នោះ​ប្រាកដ​មែន!​ គំនិត​ប្រាជ្ញា​វា​សម​ជា​មនុស្ស​មាន​ពូជ! មួយ​ទៀត​ ការងារ​ទាំង​អស់​ក្នុង​ផ្ទះ​យើង​សព្វ​ថ្ងៃ​នេះ​ក៏​បាន​វា​ជួយ​​ដាស់​តឿន​ថែ​ ទាំ​មើល​រក្សា​ដឹង​បាត់ ដឹង​គង់ ​ដឹង​ខូច​ ដឹង​ជា​ មាន​តែ​វា​ហ្នឹង​ហើយ​ទុក​ដូច​ជា​កូន! ឥឡូវ​កូន​ស្រី​យើង​មួយ​នេះ​ពេញ​ក្រមុំ​ល្មម​មាន​ប្ដី​ ហើយ​ពួក​ស្ដេច​​នាហ្មឺន​មក​ដណ្ដឹង​ចង់​បាន​ជា​ច្រើន​ណាស់​ហើយ យើង​មិន​ត្រូវ​ចិត្ត​ បាន​ជា​យើង​មិន​ព្រម​ឱ្យ! ឥឡូវ​នេះ​បើ​យើង​ឱ្យ​អាឡេវ​តេវ​នោះ យើង​ខ្មាស​គេ​ណាស់! ត្បិត​អាឡេវ​តេវ​នោះ​ វា​ជា​មនុស្ស​កំព្រា​ក្បាល​មួយ​ មក​នៅ​ស្រុក​អាយ គ្មាន​នរណា​ស្គាល់​ពូជ​ពង្ស​វង្សា​ជា​ល្អ ឬ​អាក្រក់!​ យើង​នឹង​ឱ្យ​កូន​យើង​ជា​ប្រពន្ធ​ទៅ ក្រែង​ខ្មាស​គេ!​ បើ​យើង​មិន​ឱ្យ​កូន​យើង​ជា​ប្រពន្ធ​វា ដូច​ជា​នឹក​ស្ដាយ​ ត្បិត​គំនិត​មារយាទ​វា​ជា​មនុស្ស​ល្អ ជួយ​ឈឺ​ឆ្អាល​ក្នុង​ការងារ​យើង ដូច​ជា​ការងារ​របស់​ខ្លួន​វា​ដែរ! ដំណើរ​នេះ​ក្រ​បើ​គិត​ណាស់​!»
ឯ​ប្រពន្ធ​សេដ្ឋី​ឆ្លើយ​ឡើង​ថា៖​
«ត្រង់​កិច្ច​ដែល​ធ្វើ​មិន​ឱ្យ​ខ្មាស​គេ​នោះ​ វា​ងាយ​ទេ! យើង​ផ្សំ​ផ្គុំ​ឱ្យ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៅ! បើ​យូរ​ទៅ​ហើយ​ទើប​គេ​ដឹង​នោះ យើង​ក៏​អស់​ខ្មាស​គេ​ហើយ ពី​ព្រោះ​វា​មាន​បំណុល​វា​ក៏​ច្រើន​ដែរ​!»
ហេតុ​តែ​ព្រេង​មាន​​សំណាង​របស់​អា​ឡេវ​នឹង​កូន​ក្រមុំ​សេដ្ឋី​នោះ​ត្រូវ​បាន ​គ្នា​ជា​ប្ដី​ប្រពន្ធ​ សេដ្ឋី​គិត​ឃើញ​ព្រម​ដូច​ពាក្យ​ប្រពន្ធ​ពន្យល់​ ក៏​ព្រម​ឱ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​អាឡេវ​តេវ​ ហើយ​ហៅ​អាឡេវ​តេវ​ប្រាប់​ថា៖
«តាំង​ពី​ថ្ងៃ​ដែល​ឯង​មក​នៅ​នឹង​អញ អញ​មើល​ទៅ​គំនិត​មារយាទ​ចិត្ត​ថ្លើម​ឯង​ ឈឺ​ឆ្អាល​ក្នុង​ការងារ​អញ​ដូច​ជា​កូន​អញ​បង្កើត!​ បើ​ដូច្នោះ​ អញ​ឱ្យ​កូន​ក្រមុំ​អញ​ជា​ប្រពន្ធ​ឯង​!»
អាឡេវ​តេវ​ឮ​សេដ្ឋី​ប្រាប់​ថា​ឱ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់​។ សេដ្ឋី​ក៏​ហៅ​កូន​ក្រមុំ​មក​រៀប​សំពះ​មេបា​ចាស់​ទុំ រៀប​សែន​ព្រេន​តាម​រណ្ដាប់​បុរាណ ផ្សំ​ផ្គុំ​អាឡេវ​តេវ​និង​កូន​ក្រមុំ​ជា​ប្ដី​ប្រពន្ធ​គ្នា​ទៅ​។
លុះ​ការ​រួច​បាន​ពីរ​បី​ថ្ងៃ ប្រពន្ធ​អាឡេវ​តេវ​ទៅ​គាល់​ស្ដេច​ឯ​ក្នុង​វាំង​បាន​និយាយ​ប្រាប់​អាឡេវ​តេវ​ ជា​ប្ដី​ឱ្យ​ដឹង​។ ឯ​អាឡេវ​តេវ​ក៏​និយាយ​ផ្ដាំ​ប្រពន្ធ​ថា៖
«អញ​ទៅ​ចាំ​នៅ​សាលា​ជំនុំ! បើ​នាង​​​ឃើញ​អញ​បោយ​ដៃ​ហៅ ត្រូវ​នាង​​​លើក​ជើង​ពាន​ស្លា​មក​លុត​ជង្គង់​ហុច​ពាន​ស្លា​នោះ​ឱ្យ​អញ! អញ​ទទួល​យក​ហើយ នាង​​សំពះ​ត្រលប់​ទៅ​វិញ​ចុះ!»
អាឡេវ​តេវ​លុះ​និយាយ​ផ្ដាំ​ប្រពន្ធ​សព្វ​គ្រប់​ហើយ ក៏​ស្លៀក​សំពត់​ចាស់​ពាក់​អាវ​ចាស់​ ដូច​កាល​ធ្វើការ​ពី​មុន ហើយ​ទៅ​អង្គុយ​លេង​នៅ​សាលា​ជំនុំ​។ ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ ចៅក្រម​សាលា​ ភ្នាក់​ងារ​ក្រមការ​ ឃុន​ហ្មឺន មហាតលិក​មក​ពាស​ពេញ​ ឃើញ​អាឡេវ​តេវ​អង្គុយ​នៅ​សាលា​ នាហ្មឺន​ខ្លះ​ត្បក​ក្បាល​ ខ្លះ​ទះ​ខ្នង​ ខ្លះ​ទាញ​ដៃ ខ្លះ​ឱ្យ​អាឡេវ​ធ្វើ​ត្លុក​ក្រមាច់​លេង​​ ត្បិត​ធ្លាប់​លេង​ពី​មុន​មក​ដូច្នេះ​ឯង​។
ឯ​អាឡេវ​តេវ​ជា​មនុស្ស​មាន​ប្រាជ្ញា​ ក្រមាច់​កំប្លែង​លេង​ឱ្យ​គេ​ចូលចិត្ត​ មិន​ចេះ​ខឹង​នឹង​នរណា​ទេ ទោះ​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ ឃុន​ហ្មឺន មហាតលិក នូវ​ក្រមការ​ភ្នាក់ងារ​ប្រើ​វា​ដូចម្ដេច​ក្ដី​ លេង​ដូច​ម្ដេច​ក្ដី​ ក៏​មិន​ចេះ​ខឹង មិន​ចេះ​ប្រកែក​ឱ្យ​អ្នក​ណា​អាក់​អន់​ចិត្ត​តាំង​តែ​ពី​ដើម​មក​ដូច្នេះ​ឯង ហើយ​ពួក​នាហ្មឺន​មិន​ដឹង​ជា​អាឡេវ​តេវ​បាន​កូន​ក្រមុំ​សេដ្ឋី​មក​ធ្វើ​ជា​ ប្រពន្ធ​ផង ស្មាន​ថា​អាឡេវ​តេវ​ជា​មនុស្ស​ផ្ដេសផ្ដាស​ ដើរ​សុំទាន​គេ​ស៊ី​ រក​ទី​លំនៅ​គ្មាន​បាន​ជា​នាំ​គ្នា​មាក់ងាយ​វា​។ លុះ​ដល់​កូន​សេដ្ឋី​ជា​ប្រពន្ធ​អាឡេវ​តេវ​ជិះ​អង្រឹង​ស្នែង​ ហើយ​មាន​មនុស្ស​ម្នា​ខ្ញុំ​កំដរ​កាន់​ប្រអប់​មាស​ប្រាក់ ដើរ​ពាស​ពេញ​ផ្លូវ​មក នាហ្មឺន​ទាំង​អស់​ក៏​និយាយ​ថា៖
«ហ្ន៎! មើល​កូន​ក្រមុំ​​សេដ្ឋី​ល្អ​ណាស់ ដើរ​ចូល​ក្នុង​វាំង​!»
នាហ្មឺន​ខ្លះ​លាន់​មាត់​ថា៖
«ល្អ​មែន​! កូន​ស្ដេច ​កូន​នាហ្មឺន​ដណ្ដឹង​ជា​ច្រើន​ហើយ​ តែ​មិន​បាន​!»
ឯ​អាឡេវ​តេវ​ឮ​នាហ្មឺន​និយាយ​គ្នា​ថា កូន​ស្ដេច កូន​នាហ្មឺន​ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​មិន​ព្រម​ឱ្យ​ដូច្នេះ ក៏​ឆ្លើយ​ឡើង​ថា៖​
«បើ​អស់​លោក​ថា ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​ឱ្យ​កូន​លោក​មិន​បាន លោក​ចាំ​មើល​ខ្ញុំ​បាទ​វិញ​ចុះ! វេលា​កូន​ក្រមុំ​សេដ្ឋី​ចេញ​មក​អំពី​ក្នុង​វាំង ខ្ញុំ​បាទ​នឹង​ហៅ​ឱ្យ​ចូល​មក​ ហើយ​ឱ្យ​យក​ស្លា​មក​ឱ្យ​ខ្ញុំ​បាទ​ទទួល​ទាន​ លោក​ហ៊ាន​ភ្នាល់​ទេ​
ពួក​នាហ្មឺន​ឮ​អាឡេវ​តេវ​ថា​ដូច្នោះ មិន​ជឿ ត្បិត​មិន​ដឹង​​សេដ្ឋី​ឱ្យ​កូន​ក្រមុំ​ទៅ​ជា​ប្រពន្ធ​អាឡេវ​តេវ​សោះ​។ មួយ​ទៀត​ ពួក​នាហ្មឺន​ទាំង​នោះ​ធ្លាប់​តែ​ដឹង​ថា អាឡេវ​តេវ​ជា​មនុស្ស​ក្រមាច់​លេង​ផ្ដេសផ្ដាស​ តែ​ដោយ​ផ្ទះ​នាហ្មឺន​បាន​ជា​មាក់ងាយ​វា​ខ្លាំង​ណាស់ ហើយ​មិន​ដឹង​ជា​អាឡេវ​តេវ​មាន​ប្រាជ្ញា​ច្រើន​ដល់​ម្ល៉ឹង​សោះ ទើប​ហ៊ាន​នាំ​គ្នា​និយាយ​ភ្នាល់​នឹង​អាឡេវ​តេវ​ថា៖
«បើ​ឯង​ហៅ​កូន​ក្រមុំ​សេដ្ឋី​ចូល​មក​យក​ស្លា​ម្លូ​​​ឱ្យ​ឯង​ស៊ី​បាន អញ​ហ៊ាន​ភ្នាល់​នឹង​ឯង ប៉ុន្តែ​ឯង​គ្មាន​អ្វី​ដាក់​ភ្នាល់​នឹង​អញ​ទេ?​!»
អាឡេវ​តេវ​ឮ​ពួក​នាហ្មឺន​ថា​ដូច្នោះ​ ក៏​ឆ្លើយ​ឡើង​ថា៖​
«លោក​កុំ​ព្រួយ​ប្រសាសន៍​នឹង​ខ្ញុំ​បាទ! បើ​ខ្ញុំ​បាទ​ចាញ់​លោក ខ្ញុំ​បាទ​ធ្វើ​សំបុត្រ​នៅ​បម្រើ​ជា​ខ្ញុំ​លោក​ដល់​អស់​ជីវិត​ តាម​ចិត្ត​លោក​ប្រើ​ធ្វើ​អ្វី ខ្ញុំ​បាទ​ទទួល​ធ្វើ​ទាំង​អស់​!»
នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់​ឮ​អាឡេវ​តេវ​ថា​ដូច្នោះ ក៏​អរ​គ្រប់​គ្នា ​ដោយ​ចង់​បាន​អាឡេវ​តេវ​មក​ធ្វើ​ជា​ខ្ញុំ​តែ​រៀង​ៗ​ខ្លួន​ ត្បិត​វា​ចេះ​និយាយ​ភូត​ភរ​ក្រមាច់​កំប្លែង​លេង គ្រាន់​សប្បាយ​ដោយ​សារ​វា មួយ​ទៀត​មាក់ងាយ​អាឡេវ​តេវ​ថា​ជា​មនុស្ស​ចោល​ម្សៀត​ ធ្វើ​ម្ដេច​នឹង​ហៅ​កូន​សេដ្ឋី​ឱ្យ​ចូល​មក​បាន ហើយ​និយាយ​គ្នា​ថា៖
«យើង​យក​អាឡេវ​តេវ​ធ្វើ​ជា​ខ្ញុំ​ គ្រាន់​និយាយ​ភូត​ភរ​ក្រមាច់​លេង​ ហើយ​យើង​ចែក​គ្នា​ប្រើ​លេង​សប្បាយ​ចិត្ត​វា​ចុះ ត្បិត​វា​មុខ​ជា​ចាញ់​យើង​ហើយ​!»
អាឡេវ​តេវ​និង​ពួក​នាហ្មឺន​ធ្វើ​សំបុត្រ​បង្កាន់​ដៃ​ភ្នាល់​គ្នា​តាម​ដំណើរ​សព្វ​គ្រប់​ហើយ ទើប​ពួក​នាហ្មឺន​ប្រាប់​អាឡេវ​តេវ​ថា៖
«ឯង​ចង់​បាន​មាស​ប្រាក់​ប៉ុន្មាន​? ដំរី​ចង​កូប សេះ​ចង​អាន ទាំង​គ្រឿង​ដែល​ជិះ​មក​ប៉ុន្មាន ចូរ​ដាក់​ក្នុង​សំបុត្រ​តាម​ចិត្ត​ឯង​ចុះ​!»
អាឡេវ​តេវ​ក៏​សរសេរ​ដាក់​ក្នុង​បង្កាន់​ដៃ​ដែល​ភ្នាល់​គ្នា​ឱ្យ​ខាន​តែ​ ច្រើន​ទាំង​មាស​ ទាំង​ប្រាក់​ ទាំង​ដំរី ទាំង​សេះ​គ្រប់​គ្រឿង​ ហើយ​ជូន​ទៅ​ពួក​នាហ្មឺន​ឱ្យ​បោះ​ត្រា​ រួច​ទទួល​យក​មក​វេច​មួយ​សម្ពាយ​ក្រវាត់​ទុក​ ហើយ​ទៅ​អង្គុយ​ចាំ​នៅ​មាត់​ទ្វារ​សាលា​ បន្តិច​ឃើញ​កូន​សេដ្ឋី​ជា​ប្រពន្ធ​​ចេញ​ពី​ក្នុង​វាំង វា​ក៏​បោយ​ដៃ​ហៅ​ថា៖
«នាង​យក​ស្លា​មក​ឱ្យ​បង​ស៊ី!»
កូន​ក្រមុំ​សេដ្ឋី​ឮ​ប្ដី​ហៅ​ឱ្យ​យក​ស្លា​មក​ដូច្នោះ ក៏​ម្នីម្នា​ចុះ​ពី​អង្រឹង​ស្នែង ហើយ​ដាក់​ស្លា​លើ​ជើង​ពាន​យក​មក​ឱ្យ​ប្ដី​។ អាឡេវ​តេវ​ក៏​ទទួល​យក​ស្លា​ស៊ី ហើយ​នាំ​ប្រពន្ធ​នូវ​កំដរ​ឡើង​ជិះ​សេះ​ដំរី​ដែល​តែង​គ្រឿង​គ្រប់​ស្រាប់​ទៅ​ កាន់​ផ្ទះ​សេដ្ឋី​ជា​ឪពុក​ក្មេក​។ អាឡេវ​តេវ​និយាយ​ផ្ដាំ​ខ្ញុំ​កំដរ​ថា៖
«បើ​លោក​ឪពុក​ម្ដាយ​ ឬ​អ្នក​ឯណា​ជា​មនុស្ស​នៅ​ក្នុង​ផ្ទះ​ក្ដី ឬ​អ្នក​ជិត​ខាង​ក្ដី​ គេ​សួរ​ថា​បាន​សេះ​ដំរី​ពី​ណា​មក​? ឱ្យ​ជម្រាប​ ឱ្យ​ប្រាប់​គេ​ថា​ ទារ​បំណុល​ពី​គេ​!»
ឯ​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ ក្រមការ​ភ្នាក់ងារ នូវ​ឃុន​ហ្មឺន​ មហាតលិក​ដែល​ភ្នាល់​ចាញ់​អាឡេវ​តេវ​ ស្រាប់​តែ​ភ័យ​ ភ្នែក​ស​រៀង​ខ្លួន​ស្ដាយ​របស់​ទ្រព្យ និង​ដំរី​សេះ​ជា​ជំនិះ ធ្លាប់​ជិះ​ជា​លម្អ​ត្រូវ​ចិត្ត​ សុទ្ធ​សឹង​តែ​គ្រឿង​មាស​ និង​ប្រាក់​ពន់​ពេក ហើយ​និយាយ​គ្នា​ថា៖
«យើង​បង់​គំនិត​អាឡេវ​តេវ​ហើយ​ជាន់​នេះ!»
ឯ​អាឡេវ​តេវ​និង​ប្រពន្ធ​ខ្ញុំ​កំដរ​ជិះ​ដំរី​សេះ​មាន​កូប ​មាន​អាន​​នូវ​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​តែ​មាស​និង​ប្រាក់​។
លុះ​ទៅ​ដល់​ផ្ទះ​ហើយ សេដ្ឋី​ជា​ឪពុក​​​ម្ដាយ​ក្មេក​នូវ​អស់​មនុស្ស​ម្នា​ ភ្នាក់ងារ​ក្នុង​ផ្ទះ​ឃើញ​ដំរី​ សេះ​ពាស​ពេញ​ដូច្នោះ ក៏​នឹក​ឆ្ងល់​ ហើយ​សេដ្ឋី​ប្រើ​មនុស្ស​ឱ្យ​ទៅ​សួរ​អាឡេវ​តេវ។ អាឡេវ​តេវ​ក៏​ប្រាប់​ថា ទារ​បំណុល​ពី​គេ​មក​។ សេដ្ឋី​ជា​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ក៏​និយាយ​គ្នា​ថា៖
«យើង​អស់​ខ្មាស​គេ​ហើយ!»
ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក សេដ្ឋី​ប្ដី​ប្រពន្ធ​ក៏​រឹត​តែ​ស្រលាញ់​អាឡេវ​តេវ​លើស​អំពី​មុន​ទៅ​ទៀត។ អាឡេវ​តេវ​ក៏​ទៅ​ទារ​ប្រាក់​ពី​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​តែ​សព្វ​ថ្ងៃ​ ជញ្ជួន​យក​មក​ ហើយ​វា​គិត​ធ្វើ​ការ​រក​ស៊ី ជួស​សេដ្ឋី​ជា​ឪពុក​ក្មេក​ម្ដាយ​ក្មេក​​មិន​ឱ្យ​ព្រួយ​ចិត្ត​គ្រប់​ជំពូក​។ នៅ​យូរ​មក​ សេដ្ឋី​ចាស់​ជរា​ អស់​អាយុ​ទៅ អាឡេវ​តេវ​ក៏​បាន​ជា​សេដ្ឋី​ធំ​ក្នុង​នគរ​នោះ​ឯង៕

ចប់​
រៀបរៀង និង​កែ​សម្រួល​ថ្មី៖ ហុង ប៊ុន